នាព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០នាទីព្រឹក និយ័តករគណនេយ្យនិងសវនកម្ម បានសហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពី “ការរាយការណ៍អំពីចីរភាព” ក្រោមការដឹកនាំរបស់ លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស។សិក្ខាសាលានេះក៏មានការ ចូលរួមពី តំណាង ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងបរិស្ថាន ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជាផងដែរ ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ទៅលើសេចក្ដីព្រាង ផែនបង្ហាញផ្លូវ (Roadmap) សម្រាប់ការអនុវត្តការរាយការណ៍ព័ត៌មានអំពីចីរភាព នៅប្រទេសកម្ពុជា ដើម្បីឱ្យផែនទីបង្ហាញផ្លូវនេះ មានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន។