នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) បានរៀបចំការបិទវគ្គបណ្តុះបណ្តាលស្តីពី Financial Statements Review និងចែកជូននូវវិញ្ញាបនបត្រដល់ថ្នាក់ដឹកនាំ និងមន្រ្តី ន.គ.ស. ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយអគ្គនាយករង លោក ជា ចាន់ថា និង លោកស្រី នាន បូនី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងមានការវាយតម្លៃខ្ពស់ទៅអង្គពីធីទាំងមូល ក្នុងការចូលរួមយ៉ាងសកម្មប្រកបដោយការតាំងចិត្តខ្ពស់និងផ្អែកទៅលើការទទួលខុសត្រូវក្នុងការបំពេញការងារ ជាពិសេសក្នុងការបំពេញការងារទៅតាមក្របខ័ណ្ឌបេសកកម្មរបស់ ន.គ.ស. ព្រមទាំងថ្លែងសុន្ទរកថាបិទកម្មវិធីដោយបានលើកឡើងអំពីគោលបំណង នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះជាការកសាងសមត្ថភាពមន្រ្តី ដែលជាសកម្មភាពមួយនៅក្នុងផែនការអភិវឌ្ឍន៍ស្ថាប័ន ន.គ.ស. ហើយនិយ័តករនឹងមានវគ្គបណ្តុះបណ្ដាលលើ ប្រធានបទបច្ចេកទេសសំខាន់ៗដើម្បីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបន្តទៀតដែលពាក់ព័ន្ធនឹងការអនុវត្តការងារផ្ទាល់ក្រោមមុខងារភារកិច្ចរបស់និយ័តករ។