កាលពីព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល ប្រធានស្តីទីនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោកមភាព ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមជាមួយ អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក្នុងកម្មវិធីផ្សព្វផ្សាយ និងណែនាំអំពីការកាន់បញ្ជីគណនេយ្យ និងកាតព្វកិច្ចពាក់ព័ន្ធជូនប្រតិបត្តិករក្នុងវិស័យល្បែងពាណិជ្ជកម្ម។ ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ និងប្រតិបត្តិករកាស៊ីណូសរុបចំនួន ៤៦ ក្រុមហ៊ុន។ គោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះ គឺដើម្បីបញ្រ្ជាបការយល់ដឹង និងណែនាំអំពីកាតព្វកិច្ចនានាដែលត្រូវអនុវត្តដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ជូនប្រតិបត្តករក្នុងវិស័យល្បែងពាណិជ្ជកម្ម។