ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករគណនេយ្យនិងសវនកម្ម និងសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រ អេស៊ីលីដា

កាលបរិច្ឆេទ៖ 23-04-2024 12:55 PM

នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, អមដោយ លោក លោកស្រីអគ្គនាយករង, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនិយ័តករគណនេយ្យនិងសវនកម្ម បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រអេស៊ីលីដា ដឹកនាំដោយ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ ដែលបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អំឡុងពេលនៃជំនួបភាគីទាំងពីរបានពិភាក្សាពីការចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករគណនេយ្យនិងសវនកម្ម និងសាកលវិទ្យាល័យពាណិជ្ជសាស្ដ្រ អេស៊ីលីដា ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាដែលអាចបំពេញតម្រូវការរបស់ស្ថាប័នរដ្ឋ និងឯកជន ជូនដល់និស្សិតប្រកបដោយប្រសិទ្ធភាពខ្ពស់។