សិក្ខាសាលាពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់ក្រុមហ៊ុនគណនេយ្យ និងសវនកម្មធុនតូច និងមធ្យម

កាលបរិច្ឆេទ៖ 29-11-2024 03:50 PM

នាព្រឹកថ្ងៃសុក្រ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ខែវិចិ្ឆកា គ.ស.២០២៤ វេលាម៉ោង ៩:០០  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងសុន្ទរកថាបើកក្នុងសិក្ខាសាលាពិគ្រោះយោបល់លើផែនទីបង្ហាញផ្លូវនៃការចាប់យកឌីជីថលសម្រាប់ក្រុមហ៊ុនគណនេយ្យ និងសវនកម្មធុនតូច និងមធ្យម ដោយមានអ្នកចូលរួមប្រមាណ ៧០ នាក់ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារហ៊ីម៉ាវារី។ សិក្ខាសាលាពិគ្រោះយោបល់នេះក៏បានទាញយកប្រយោជន៍អតិបរមាពីបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានប្រកាសដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» នៅឆ្នាំ២០២១។ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តនូវ គោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា(២០២៣–២០២៨) ក្នុងឆ្នាំ២០២៣ ដើម្បី “អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាសិ្ថរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក”។