វគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម”

កាលបរិច្ឆេទ៖ 28-04-2025 09:41 AM

នាព្រឹកថ្ងៃសៅរ៍ ១៤រោច  ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមេសា គ.ស.២០២៥ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ស្តង់ដារបាយការណ៍ទាក់ទង នឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម”  សម្រាប់សាធារណជន ក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម។ វគ្គបណ្តុះបណ្តាលនេះក៏មានការអញ្ជើញចូលរួមពី កញ្ញា វីរះ បូរមី តំណាងក្រុមហ៊ុនDFC ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តី នៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងសិក្ខាកាមចំនួន៥៧នាក់ផងដែរ។ ជាកិច្ចចាប់ផ្តើម កញ្ញា វីរះ បូរមី តំណាងក្រុមហ៊ុន DFC មានមតិស្វាគមន៍និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំ មន្ត្រីនិយ័តករគណនេយ្យនិងសវនកម្ម និងសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះ។ជាកិច្ចបន្ទាប់ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម បានថ្លែងសុន្ទរកថាបើកកម្មវិធីវគ្គបណ្តុះបណ្តាលដោយបានវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងក្រុមហ៊ុន DFC ដែលបានយកចិត្តទុកដាក់រៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ជាពិសេសសិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើផងដែរ។
លោកស្រីអគ្គនាយករងបានបន្ថែមថាការចូលរួមរបស់សិក្ខាកាមបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ឱ្យបានកាន់តែស៊ីជម្រៅអំពីស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម ជាពិសេសគឺចូលរួមអនុវត្តកាតព្វកិច្ចគណនេយ្យនិងសវនកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។