នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា គ.ស.២០២៥ និយ័តករគណនេយ្យនិង
សវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបាយការណ៍ ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ រយៈពេល៣ថ្ងៃ នៅអាគារ ៣៤៥។ វគ្គបណ្តុះបណ្តាលលើកទី២ សម្រាប់ឆ្នាំ២០២៥ នេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃនិយ័តករគណនេយ្យនិងសវនកម្ម។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង និងសិក្សាលម្អិតលើលក្ខខណ្ឌតម្រូវ នៃស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។លោកស្រីអគ្គនាយករង បានថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាល ដោយបានវាយតម្លៃខ្ពស់ចំពោះមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម និងសិក្ខាកាម ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការឈ្វេងយល់ឱ្យបានកាន់តែស៊ីជម្រៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគឺស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ”។លោកស្រីអគ្គនាយករង បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលស្តីពីស្តង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ នឹងបានសិក្សាលម្អិតទៅលើចំនួនសំខាន់ៗរួមមាន៖ លក្ខខណ្ឌតម្រូវតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្មនិងបទប្បញ្ញត្តិពាក់ព័ន្ធ, គោលបំណងនិងលក្ខខណ្ឌចំាបាច់, ចំណូល-ចំណាយ, គណនីធនាគារនិងសាច់ប្រាក់, កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុព័ត៌មានចាំបាច់, កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ព័ត៌មានជាជម្រើសនិងការរៀបចំអន្តរកាល។