និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ១៥រូប ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

កាលបរិច្ឆេទ៖ 30-06-2025 11:30 AM

នាថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក  ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា គ.ស.២០២៥   និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ ចំនួន ១៥រូប ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីលក្ខន្តិកៈ អមដោយ លោក ជា ចាន់ថា អគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡង និងលោក លោកស្រី ជាសមាជិកនៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនមន្ត្រីលក្ខន្តិកៈ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅទៅកាន់បេក្ខជនទាំងអស់ ដែលមានវត្តមាននៅក្នុងមណ្ឌលប្រឡងនៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានថ្លែងសុន្ទរកថា និងបើកសន្លឹកវិញ្ញាសាសរសេរចំនួន ៣ មុខវិជ្ជារួមមាន៖
១. វិញ្ញាសា ចំណេះដឹងទូទៅ
២. វិញ្ញាសា ភាសាអង់គ្លេស
៣. និងវិញ្ញាសា ជំនាញ
លើសពីនេះ ឯកឧត្តមអគ្គនាយក បានបន្ថែមទៀតថា ដើម្បីឱ្យមានតម្លាភាពក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីលក្ខន្តិកៈ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគា ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម, ន.គ.ស. បានរៀបចំជាគណៈកម្មការរៀបចំការប្រឡងប្រជែង អនុគណៈកម្មការចេញវិញ្ញាសា និងកំណែ ក៏ដូចជាអនុគណៈកម្មការកណ្តាលសម្រាប់ការប្រឡងប្រជែងជ្រើសរើសបេក្ខជនជាមន្ត្រីលក្ខន្តិកៈនេះផងដែរ។
ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់បេក្ខជនទាំងអស់ដែលមានវត្តមានពេញមួយថ្ងៃ នៅមណ្ឌលប្រឡង នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងជូនពរដល់បេក្ខជន ទទួលបាននូវបានសុខភាពល្អ កម្លាំងពលំមាំមួន និងសម្រេចបាន ជោគជ័យក្នុងគ្រប់ភារកិច្ច ។