សិក្ខាសាលាផ្សព្វផ្សាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា (២០២៥-២០៣៥) ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ងី តាយី

កាលបរិច្ឆេទ៖ 2-07-2025 08:35 AM

នាថ្ងៃអង្គារ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១  ខែកក្កដា  គ.ស.២០២៥ នៅសណ្ឋាគារភ្នំពេញ និយ័តករគណនេយ្យ និងសវនកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា (២០២៥-២០៣៥) ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ សហគ្រាសឯកជន អង្គភាពមិនស្វែងរកប្រាក់ចំនេញ គ្រឹះស្ថានឧត្តមសិក្សា និងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ចំនួនប្រមាណ ៣៥០នាក់។ 

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយទៅកាន់សាធារណជន និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យគណនេយ្យនិងសវនកម្ម ឱ្យជ្រាប អំពីការប្តេជ្ញាចិត្ត គោលដៅ និងចក្ខុវិស័យ របស់និយ័តករគណនេយ្យនិងសវនកម្មក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យនេះ និងសម្រេចទៅតាមគោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត ព្រមទាំងការចូលរួមយ៉ាងសកម្មនិងបុរេសកម្ម។

យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ ដែលត្រូវអនុវត្តក្នុងក្របខណ្ឌរយៈពេលខ្លី (២០២៥-២០២៧) រយៈពេលមធ្យម (២០២៨-២០៣០) និងរយៈពេលវែង (២០៣១-៣០៣៥) ព្រមទាំងបានកំណត់គោលដៅជាយុទ្ធសាស្រ្តគឺ “ប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន” ដោយស្តែងឡើងតាមរយៈសសរស្តម្ភចំនួន ៦(Pillars)។