នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃនិយ័តករគណនេយ្យនិងសវនកម្ម។ លោកស្រីអគ្គនាយករង បានរំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន៖ ១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល ៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិនិង៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។












