នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) បានរៀបចំ កិច្ចប្រជុំលើកទី៨ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ក.គ.ក. នៅបន្ទប់ប្រជុំធំ នៃ ន.គ.ស. អគារ “ក” ជាន់ទី១ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាភិបាល វ.គ.ស.ក. តំណាងធនាគារជាតិនៃកម្ពុជា តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ តំណាងនិយ័តករមូលបត្រកម្ពុជា តំណាងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ តំណាងនិយ័តករបរធនបាលកិច្ច តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ តំណាងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា តំណាងបុគ្គលឯករាជ្យក្នុងវិស័យគណនេយ្យនិងសវនកម្ម ទីប្រឹក្សាបច្ចេកទេស និងលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ រួមមាន៖ ទី១ អនុម័តលើលទ្ធផលប្រឡងឆមាសទី២ ឆ្នាំ២០២៥។ ទី២ សម្រេចលោក គាត ម៉ារ៉ាត ស្នើសុំជាគណនេយ្យករជំនាញកម្ពុជា។ ទី៣ អនុម័តលើផែនការសកម្មភាពរបស់អនុគណៈកម្មាធិការទាំង៣ និង លេខាធិការដ្ឋាន និងសំណូមពរនានាអំពីការដាក់ឱ្យដំណើរការកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។
ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក និងបុគ្គលពាក់ព័ន្ធក្នុងវិស័យអប់រំ ដែលបានចូលរួមចលនាសាមគ្គីជាតិ “ខ្មែរជួយខ្មែរ” និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន តាមរយៈនិយ័តករគណនេយ្យនិងសវនកម្ម ផងដែរ។











