ចូលរួម (១) កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩ និង (២) ដំណើរទស្សនៈកិច្ចសិក្សា នៅស្ថាប័ននិយ័តកម្មគណនេយ្យ និងសាជីវកម្ម (Accounting and Corporation Regulatory Authority) និងស្ថាប័នគណនេយ្យករជំនាញសិង្ហបុរី (Institute of Singapore Chartered Accountants) នៅប្រទេសសិង្ហបុរី

កាលបរិច្ឆេទ៖ 6-02-2026 09:57 AM

កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ និយ័តករគណនេយ្យនិងសវនកម្ម និងលោកស្រី សាវុធ ដាលី នាយិកាប្រតិបត្ដិវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា អមដោយមន្ត្រីជំនាញពីនិយ័តករគណនេយ្យនិងសវនកម្ម និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រួមជាមួយតំណាងប្រទេសជាសមាជិកអាស៊ាន  បានចូលរួម (១) កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩ និង (២) ដំណើរទស្សនៈកិច្ចសិក្សា នៅស្ថាប័ននិយ័តកម្មគណនេយ្យ និងសាជីវកម្ម (Accounting and Corporation Regulatory Authority) និងស្ថាប័នគណនេយ្យករជំនាញសិង្ហបុរី (Institute of Singapore Chartered Accountants) នៅប្រទេសសិង្ហបុរី។ 
ទី១.កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៩ ដែលផ្តោតទៅលើរបៀបវារៈ ដូចខាងក្រោម៖
-ការធ្វើបច្ចុប្បន្នភាពនៃសមាសភាពគណៈកម្មាធិការត្រួតពិនិត្យរបស់ប្រទេសជាសមាជិកអាស៊ាន ដែលក្នុងនោះមាន ប្រទេសប្រ៊ុយណេដារូសាឡឹម និងប្រទេសម៉ាឡេស៊ី បានផ្លាស់ប្តូរសមាជិក
-ការធ្វើបច្ចុប្បន្នភាពលើចំនួនការចុះឈ្មោះនៃសមាជិកភាពជាគណនេយ្យករជំនាញអាស៊ាន គិតត្រឹមខែមករា ឆ្នាំ២០២៦ សរុបមានចំនួន ៨,៥៦០ រូប ដែលក្នុងនោះមានការកើនឡើងបន្ថែមចំនួន ២២៤រូប
-ការធ្វើបច្ចុប្បន្នភាពលើចំនួនការចុះឈ្មោះជាគណនេយ្យករជំនាញបរទេស ក្នុងនោះគណនេយ្យករជំនាញអាស៊ានមកពីប្រទេសម៉ាឡេស៊ី បានចល័តទៅប្រទេសសិង្ហបុរីចំនួន ២រូប
-ការចល័តនូវគណនេយ្យករជំនាញអាស៊ាន ដែលក្នុងនោះប្រទេសសិង្ហបុរី និងប្រទេសថៃ បានធ្វើបច្ចុប្បន្នភាពលើតារាងបានធ្វើបច្ចុប្បន្នភាពលើសេវាគណនេយ្យដែលមិនត្រូវបញ្ញត្តិ និងបញ្ញត្តិ 
-ការពិនិត្យលើវឌ្ឍនភាពការងារដែលបានកំណត់ក្នុងផែនទីបង្ហាញផ្លូវ (២០២០-២០៣០) ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងការទទួលស្គាល់អញ្ញមញ្ញអាស៊ានលើសេវាគណនេយ្យ ឱ្យកាន់តែមានប្រសិទ្ធភាព និង
-ការរាយការណ៍របស់ក្រុមការងារការរាយការណ៍ព័ត៌មានចីរភាព អំពីបច្ចុប្បន្នភាពនៃការដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលចំណេះដឹង (Knowledge Hub) ដើម្បីចែករំលែកព័ត៌មានពីការវិវឌ្ឍន៍ថ្មីៗនៃការងារការរាយការណ៍ព័ត៌មានចីរភាពពីបណ្តាប្រទេសដែលជាសមាជិក និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦។ទី២. ទស្សន:កិច្ចសិក្សានៅស្ថាប័ននិយ័តកម្មគណនេយ្យ និងសាជីវកម្ម និងស្ថាប័នគណនេយ្យករជំនាញសិង្ហបុរី  ដែលទស្សនៈកិច្ចនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកពីការមុខងារភារកិច្ចរបស់ស្ថាប័នទាំង ២ ព្រមទាំងបច្ចុប្បន្នភាពលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យគណនេយ្យនិងសវនកម្មនៅប្រទេសសិង្ហបុរី។