នាព្រឹកថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាពនៃកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” សម្រាប់សមាជិកសមាជិកានៃសមាគមអាជីវកម្ម សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ។
សិក្ខាសាលា នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្ត្រី នៃនិយ័តករគណនេយ្យនិងសវនកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីសម្ព័នសមាគមសហគ្រាសធុនតូចនិងមធ្យម, សភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភាកម្មកម្ពុជា, សាមាគមស្បែកជើងកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា សម័្ពននិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា, សមាគមផលិតផលធ្វើដំណើរនិងស្បែកនៅកម្ពុជា និងវត្តមានរបស់តំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញចំនួន២៥០ នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានលើកអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥-២០៣៥ ដែលគោលដៅយុទ្ធសាស្រ្ត នៃឯកសារដ៏មានសារៈសំខាន់នេះគឺ “ការបង្កើតប្រព័ន្ធគណនេយ្យរបស់ជាតិដៃលរឹងមាំ មានតម្លាភាព និងអាចជឿទុកចិត្តបាន”។ អាស្រ័យហេតុនេះកត្តាចូលរួមដ៏សំខាន់គឺ ការចូលរួមវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាល បានន័យថាគ្រប់គ្នាស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ និងវិធានដែលបានដាក់ចេញ និងឯកភាពគ្នាដើម្បីឱ្យយើងអាចប្រកួតប្រជែងបាននិងអាចរៀបចំផែនការបានកាន់តែប្រសើរ ជាពិសេសបង្កើតភាពទុកចិត្តរវាងរដ្ឋនិងរដ្ឋ វិស័យឯកជននិងវិស័យឯកជន។ ឯកឧត្តមអគ្គនាយក បានបន្ថែមថាដើម្បីជំរុញ ពង្រឹងអនុលោមភាព លុះត្រាតែ សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំនេញ ទាំងអស់ប្រកាន់ខ្ជាប់នូវ “វប្បធម៌គណនេយ្យ” ដែលមានជាអាទិ៍ វប្បធម៌កាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ, វប្បធម៌រៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាជាធរមាន, វប្បធម៌ ដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ និងវប្បធម៌ដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក និយ័តករគណនេយ្យនិងសវនកម្ម។





























