វគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល

កាលបរិច្ឆេទ៖ 13-03-2026 03:47 PM

នាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំ វគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញ នៃនិយ័តករគណនេយ្យនិងសវនកម្ម។ 

លោកស្រីអគ្គនាយករង បានលើកអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥- ២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សសរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ ដែលក្នុងនោះសសរស្តម្ភទី៦ នៃយុទ្ធសាស្រ្ត គឺ “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យ និងសវនកម្ម” ផ្តើមចេញពីនេះ “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល” ត្រូវបានរៀបចំឡើងនិងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុង វេទិកាជាតិគណនេយ្យ២០២៤។

មិនត្រឹមតែប៉ុណ្ណោះ លោកស្រីអគ្គនាយករង រំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន៖ 
   ១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ 
   ២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល 
   ៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិ និង
   ៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគ ដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។