នាព្រឹកថ្ងៃពុធ ៧ កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា គ.ស. ២០២៦ វេលាម៉ោង ៩:០០ នាទី នៅអគារធំ នៃទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) និងជាសមាជិកអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ (អ.គ.ជ.ស.) លើកទី១។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមកិច្ចសហដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៥ និងទស្សនវិស័យឆ្នាំ ២០២៦។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។





