ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ទឹម សត្យា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយ លោក ជ រ័ត្ននា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យានៃ ន.គ.ស. បានអញ្ជើញចូលរួម វេទិកាអន្តរជាតិ "Black Swan Summit Australia 2026" នៅសាកលវិទ្យាល័យវេស្ទើនអូស្រ្តាលី ទីក្រុងភើត ប្រទេសអូស្រ្តាលី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម Stephen Dawson រដ្ឋមន្ត្រីទទួលបន្ទុកវិទ្យាសាស្ត្រ នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល នៃរដ្ឋាភិបាលអូស្ត្រាលីខាងលិច និងមានការចូលរួមពីអ្នកជំនាញបច្ចេកវិទ្យា អ្នកវិនិយោគ និងអ្នកកំណត់គោលនយោបាយមកពីជាង ៥០ ប្រទេស ដើម្បីពិភាក្សាពីនិន្នាការបច្ចេកវិទ្យា និងទិសដៅអនាគតសេដ្ឋកិច្ចឌីជីថល។
វេទិកានេះផ្ដោតទៅលើប្រធានបទសំខាន់ៗរួមមាន៖
១.ការសិក្សាអំពីនិន្នាការបច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិម្មិត, ហិរញ្ញវត្ថុឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ៖
• វិភាគទិន្នន័យធំៗសម្រាប់ការវាយតម្លៃហានិភ័យ
• កំណត់ល្បឿននៃការគណនាដែលស្មុគស្មាញ
២.ការស្វែងយល់អំពី Quantum Computing និងសន្តិសុខឌីជីថល
• អនុវត្តន៍ Quantum algorithms ដើម្បីដោះស្រាយបញ្ហាដែលស្មុគស្មាញ
• វិធានការសន្តិសុខដើម្បីការពារទិន្នន័យឌីជីថល
• ពិនិត្យផលប៉ះពាល់នៃ Quantum computing ទៅលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៣. ការពង្រឹងការយល់ដឹងអំពីប្រព័ន្ធការពារទិន្នន័យ
• វិភាគស្ថានភាពសន្តិសុខឌីជីថល
• អនុវត្តន៍គោលការណ៍ការអភិបាលកិច្ចទិន្នន័យ និងឯកជនភាពទិន្នន័យ
• អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យាការពារទិន្នន័យឌីជីថល
៤. ការវិភាគនិន្នាការបដិវត្តន៍ទ្រព្យឌីជីថល
• វិភាគទីផ្សារប្រាក់កាក់ឌីជីថល
• ពិនិត្យប្រភពនៃការវិនិយោគ និងហានិភ័យក្នុងឌីជីថល
• ពិនិត្យទៅលើប្រព័ន្ធសន្តិសុខ និងក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធ
៥. ការអនុវត្តភ្នាក់ងារបញ្ញាសប្បនិម្មិត (Agentic AI)
• ស្វែងយល់អំពីភ្នាក់ងារបញ្ញាសប្បនិម្មិត ដែលអាចគិត, រៀបចំផែនការ និងសម្រេចចិត្តដោយខ្លួនឯង
• វិធីបញ្ចូលភ្នាក់ងារបញ្ញាសប្បនិម្មិត ចូលទៅក្នុងការងារ ដើម្បីបង្កើនផលិតភាព, កាត់បន្ថយចំណាយ និងគ្រប់គ្រងហានិភ័យ
• រៀបចំក្របខណ្ឌសុវត្ថិភាព និងការគ្រប់គ្រង










