កិច្ចជំនួបទ្វេរភាគីរវាងនិយ័តករគណនេយ្យនិងសវនកម្ម និងលេខាធិការដ្ឋាននៃវេទិកាអន្ដរជាតិនៃនិយ័តករសវនកម្មឯករាជ្យ

កាលបរិច្ឆេទ៖ 23-04-2026 03:33 PM

នារសៀលថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានដឹកនាំគណៈប្រតិភូនៃ និយ័តករគណនេយ្យនិងសវនកម្ម ចូលរួមកិច្ចជំនួបទ្វេរភាគីរវាងនិយ័តករគណនេយ្យនិងសវនកម្ម និងលេខាធិការដ្ឋាននៃវេទិកាអន្ដរជាតិនៃនិយ័តករសវនកម្មឯករាជ្យ។ កិច្ចជំនួបទ្វេរភាគីនេះ ប្រព្រឹត្តទៅក្នុងអំឡុងកិច្ចប្រជុំពេញអង្គ នៃវេទិការអន្តរជាតិនៃនិយ័តករសវនកម្មឯករាជ្យលើកទី២០ ក្នុងគោលបំណងចែករំលែកការយល់ដឹងអំពី រចនាសម្ព័ន្ធ តួនាទី បទប្បញ្ញត្តិសំខាន់ៗក្នុងការគ្រប់គ្រងវិស័យគណនេយ្យនិងសវនកម្ម ព្រមទាំងទិដ្ឋភាពការងារបច្ចេកទេសរបស់ ន.គ.ស. ដើម្បីជំរុញនូវការស្នើសុំចូលជាសមាជិកពេញសិទ្ធិនៃវេទិការអន្ដរជាតិនៃនិយ័តករសវនកម្មឯករាជ្យ។ កិច្ចជំនួបទ្វេរភាគីបានប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងស្មារតីទទួលខុសត្រូវសម្រាប់កិច្ចសហការការងារនាពេលខាងមុខ។