នាព្រឹកថ្ងៃសុក្រ ៧ រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក អ៊ិនបូផា អេលីត អនុប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមជាវាគ្មិនធ្វើបទបង្ហាញស្តីពី "ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ២៣ ស្តីពីចំណូលពីប្រតិបត្តិការមិនដោះដូរ" នៅក្នុងវគ្គបណ្តុះបណ្តាលដែលរៀបចំដោយអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយកដ្ឋានជំនាញពាក់ព័ន្ធនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត នៅសាលប្រជុំជាន់ផ្ទាល់ដី នៃអគ្គនាយកដ្ឋានរតនាគារជាតិ (អគារថ្មី) សរុបប្រមាណ ១០០ នាក់។
វគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លើប្រធានបទ ដូចខាងក្រោម៖
១). ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីកិច្ចបញ្ជិកាគណនេយ្យនៃចំណូលសារពើពន្ធ
២). ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃព្រឹត្តិការណ៍បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុសឆ្គង៕






