នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្មនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម។
ឯកឧត្តមអគ្គនាយក បានលើកអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិស័យគណនេយ្យនិងសវនកម្ម នៅកម្ពុជា២០២៥- ២០៣៥ ត្រូវបានដាក់ឱ្យ អនុវត្តដោយកំណត់ច្បាស់នូវ សសរស្តម្ភ ចំនួន៦ សម្រាប់រយៈពេល១០ឆ្នាំ ដែលក្នុងនោះសសរស្តម្ភទី៦ នៃយុទ្ធសាស្រ្ត គឺ “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យគណនេយ្យ និងសវនកម្ម” ផ្តើមចេញពីនេះ “ថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល”។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមអគ្គនាយក រំលេចនូវអត្ថប្រយោជន៍មួយចំនួននៃថ្នាលរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញរួមមាន៖
១.ជួយសម្រួលដំណើរការរៀបចំនិងកាត់បន្ថយចំណាយក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនិងកំណត់សម្គាល់ដោយផ្អែកតាមទម្រង់រួមបែបឌីជីថលនិងទិន្ន័យដែលស្របតាមស្តង់ដាគណនេយ្យ
២.ជួយកាត់បន្ថយកំហុសឆ្គងនិងបង្កើនកម្រិតអនុលោមភាពក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុតាមរយៈគោលការណ៍ផ្ទៀងផ្ទាត់អនុលោមភាពដោយស្វ័យប្រវត្តិក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបែបឌីជីថល
៣.បង្កើនគុណភាពនៃរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដាដោយផ្អែកតាមវដ្តករសាស្រ្តគណនេយ្យរបស់ស្តង់ដាគណនេយ្យអន្តរជាតិនិង
៤.បង្កើនគុណភាពនៃការសម្រេចចិត្តនិងការវិនិយោគដោយផ្អែកតាមការវិភាគអនុបាតហិរញ្ញវត្ថុ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គនាយក បានបញ្ជាក់បន្ថែមផងដែរថា បច្ចុប្បន្ននិយ័តករគណនេយ្យនិងសវនកម្ម បានដាក់ អនុវត្តគម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ ដែលគម្រោងនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជាឆ្នាំ២០២៥-២០៣៥ គឺប្រព័ន្ធគណនេយ្យនិងសវនកម្មដែលរឹងមាំ មានតម្លាភាពនិងអាចជឿទុកចិត្តបាន។ គម្រោងស្តីពីការលើកកម្ពស់អនុលោមភាពគណនេយ្យ ជាគម្រោងមួយសំដៅកសាងសមត្ថភាពអនុវត្តផ្ទាល់របស់អ្នកគ្រប់គ្រងហិរញ្ញវត្ថុនិងគណនេយ្យកររបស់ក្រុមហ៊ុនគណនេយ្យ សហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងសិស្ស និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក៏បានលើទឹកចិត្តឱ្យចូលរួមវគ្តបណ្តុះបណ្តាលក្នុងគម្រោងនេះផងដែរ។










