ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកាស្ដីពីបច្ចុប្បន្នភាពនៃច្បាប់ វិធាន និងនីតិវិធីគណនេយ្យ សវនកម្ម និង ប.ស.ស. ចំពោះធុរជននៅកម្ពុជា” ដែលរៀបចំឡើងដោយ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA)

កាលបរិច្ឆេទ៖ 29-05-2026 09:31 AM

នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “វេទិកាស្ដីពីបច្ចុប្បន្នភាពនៃច្បាប់ វិធាន និងនីតិវិធីគណនេយ្យ សវនកម្ម និង ប.ស.ស. ចំពោះធុរជននៅកម្ពុជា” ដែលរៀបចំឡើងដោយ សមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា (CTAFA) ។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម អ៊ុ សារ៉ាវុធ ប្រធានសមាគមសហព័ន្ធភ្នាក់ងារសេវាកម្មពន្ធដារកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនៃសមាគម ដែលបានខិតខំរៀបចំវេទិកានេះឡើង ក៏ដូចជាការចូលរួមចំណែកយ៉ាងសកម្មក្នុងលើកកម្ពស់អនុលោមភាពច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងបទប្បញ្ញត្ដិ ជាធរមាន ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់ ។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយក ស្នើឱ្យសមាគម និងសមាជិកទាំងអស់ចូលរួមអនុវត្តដូចខាងក្រោម៖
១. សហការបន្ដផ្សព្វផ្សាយបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យគណនេយ្យនិងសវនកម្ម
២. ជំរុញការអនុវត្តកាតព្វកិច្ចរបស់អតិថិជនរបស់ខ្លួនអនុលោមតាមច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម
៣. បញ្ឈប់រាល់សកម្មភាពនៃការផ្ដល់សេវាគណនេយ្យនិងសវនកម្មដោយគ្មានអាជ្ញាបណ្ណ។
ក្នុងវេទិកានេះផងដែរ មន្ដ្រីជំនាញ នៃ ន.គ.ស. បានធ្វើបង្ហាញទៅលើ “ អនុលោមភាពនៃច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម ” និងបានធ្វើជាវាគ្មិនក្នុងវេទិកាសំនួរ-ចម្លើយផងដែរ។