កិច្ចប្រជុំស្តីពី «ផែនការបឋមក្នុងការរៀបចំកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្ម ឆ្នាំ២០២៦» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម

កាលបរិច្ឆេទ៖ 7-07-2026 01:52 PM

នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក នៅអគារ៥៩៨ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម បានដឹកនាំកិច្ចប្រជុំស្តីពី «ផែនការបឋមក្នុងការរៀបចំកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្ម ឆ្នាំ២០២៦» ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារទៅលើការផែនការចុះត្រួតពិនិត្យគុណភាពសវនកម្មក្នុងដំណាក់កាលបឋម ដើម្បីធានាឱ្យការអនុវត្តកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្ម ឆ្នាំ២០២៦ ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងស្របតាមផែនការដែលបានកំណត់។

ជាមួយគ្នានេះ ការចុះត្រួតពិនិត្យគុណភាពសវនកម្ម ឆ្នាំ២០២៦ នឹងផ្តោតសំខាន់ ព្រមទាំងដាក់អាទិភាពទៅលើក្រុមហ៊ុនសវនកម្មដែលមានអតិថិជនជាសហគ្រាសទទួលខុសត្រូវសាធារណៈ ដើម្បីលើកកម្ពស់គុណភាពសវនកម្ម ពង្រឹងការអនុវត្តស្តង់ដាវិជ្ជាជីវៈ និងរួមចំណែកក្នុងការពង្រឹងទំនុកចិត្តសាធារណៈជនចំពោះវិជ្ជាជីវៈសវនកម្មនៅព្រះរាជាណាចក្រកម្ពុជា។