សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកស្ទួយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា» នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

កាលបរិច្ឆេទ៖ 31-07-2026 10:39 AM

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានសហការជាមួយសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការលើកស្ទួយកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា» នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
អង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរួមនៃ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃ ន.គ.ស. និង លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំង លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត សរុបប្រមាណ ១២០រូប។
សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសារសំខាន់ និងគុណតម្លៃនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម ព្រមទាំងអត្ថប្រយោជន៍នៃកម្មវិធីបច្ចេកទេសគណនេយ្យ និងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។ លើសពីនេះ សិក្ខាសាលាក៏បានផ្តោតលើការអភិវឌ្ឍសមត្ថភាពគណនេយ្យករជំនាញជំនាន់ថ្មីនៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិត ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាគណនេយ្យករជំនាញ ដែលមានការទទួលស្គាល់ជាផ្លូវការនាពេលអនាគត។