នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ និយ័តករ គណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់
ស្ដីពីគណនេយ្យនិងសវនកម្ម” នៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រី និងសាធារណជនចំនួន ២៥០រូប។
សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្សព្វផ្សាយអំពី “អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹង
ច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម” ដែលអនុក្រឹត្យនេះ កំណត់អំពីអំពើល្មើស វិធានការ និងប្រាក់ផាកពិន័យចំពោះសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ គណនេយ្យករ និងសវនករ ក្នុងគោលដៅដើម្បីធានាឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពី
គណនេយ្យ និងសវនកម្ម។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក បានលើកឡើងថា អនុក្រឹត្យថ្មីនេះបានបង្កើតនូវយន្តការ និងវិធានការទន់ភ្លន់ជាច្រើនដើម្បីសម្រួលដល់ការអនុវត្តកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ក្នុងគោលដៅលើកកម្ពស់កម្រិតអនុលោមភាព និងមានភាពអនុគ្រោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្តនៃឯកសារយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥ ដែលបានដាក់ចេញដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន
ធនាគារនោះគឺ “ប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងភាពអាចជឿ
ទុកចិត្តបាន”។ ដូច្នេះដើម្បីសម្រេចឱ្យបាននូវគោលដៅនេះ គឺការរួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល គឺជាការចាំបាច់និងមិនអាចខ្វះបានក្រោមអភិក្រម “រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ” ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពទាក់ទាញនិងភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុនិងសេដ្ឋកិច្ចជាតិយើងទាំងមូល។ ការអនុវត្តនូវកាតព្វកិច្ចគណនេយ្យនិងសវនកម្មដោយសុទ្ធចិត្តនឹងជួយលើកកម្ពស់អនុលោមភាព និងជៀសផុតពីទោសទណ្ឌនានា។ ម្យ៉ាងទៀត ការបង្វែរកាតព្វកិច្ចគណនេយ្យទៅជាវប្បធម៌គណនេយ្យ គឺជាឥរិយាបទដ៏ប្រពៃដើម្បីលើកកម្ពស់អនុលោមភាពគណនេយ្យ។



























