សិក្ខាសាលាលើកកម្ពស់ការយល់ដឹងជូនដល់បុគ្គលរាយការណ៍នៃនិយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករសន្ដិសុខសង្គម អំពី“តួនាទី និងកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្នុងការអនុវត្តអនុសាសន៍និងលទ្ធផលជាក់ស្ដែងដើម្បីជៀសវាងធ្លាក់ចូលក្នុងបញ្ជីប្រផេះ/ខ្មៅរបស់ FATF”។

កាលបរិច្ឆេទ៖ 7-09-2026 01:38 PM

នាថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម (ន.គ.ស.) លោកស្រី ថុន ឧសភា អនុប្រធាននាយកដ្ឋាន អមដោយមន្រ្តីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម បានចូលរួមសិក្ខាសាលាលើកកម្ពស់ការយល់ដឹងជូនដល់បុគ្គលរាយការណ៍នៃនិយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករសន្ដិសុខសង្គម អំពី“តួនាទី និងកាតព្វកិច្ចរបស់បុគ្គលរាយការណ៍ក្នុងការអនុវត្តអនុសាសន៍និងលទ្ធផលជាក់ស្ដែងដើម្បីជៀសវាងធ្លាក់ចូលក្នុងបញ្ជីប្រផេះ/ខ្មៅរបស់ FATF”។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.​ ក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែម និងទទួលបានពុទ្ធិថ្មីៗ អំពីតួនាទី និងកាតព្វកិច្ចដែលត្រូវអនុវត្តតាមអនុសាសន៍ណែនាំទី៩-១២ និង១៧-២៣ និងលទ្ធផលជាក់ស្ដែងទី៤ របស់ក្រុមការងារហិរញ្ញវត្ថុ FATF ជូនដល់បុគ្គលរាយការណ៍នៃក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ដើម្បីក្លាយជាធនធានប្រកបដោយចំណេះដឹង និងសមត្ថភាពក្នុងការចូលរួមអនុវត្តកិច្ចការងារការប្រឆាំងការសម្អាតប្រាក់នាពេលអនាគត។