កិច្ចប្រជុំស្តីអំពី "ការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានសាច់ប្រាក់កែសម្រួល ការផ្គូរផ្គងរវាងគណនេយ្យថវិកានិងគណនេយ្យទូទៅ និងការងារផ្សេងៗទៀតពាក់ព័ន្ធគណនីទោលរតនាគារ"

កាលបរិច្ឆេទ៖ 14-09-2026 03:06 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០​ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាត​ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន​ អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី អេង រ័ត្នឆដា, អនុប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ អមដោយ មន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំស្តីអំពី "ការផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានសាច់ប្រាក់កែសម្រួល ការផ្គូរផ្គងរវាងគណនេយ្យថវិកានិងគណនេយ្យទូទៅ និងការងារផ្សេងៗទៀតពាក់ព័ន្ធគណនីទោលរតនាគារ" ជាមួយប្រតិភូនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោកស្រី Sha Wen ទីប្រឹក្សារតនាគារប្រចាំតំបន់ អាស៊ីអាគ្នេយ៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ និង លោកបណ្ឌិត Frans Van Schaik អ្នកជំនាញការ IMF ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានរតនាគារជាតិ អមដោយ ឯកឧត្តម ម៉ិញ បានសុវណ្ណអាទិច្ចាសីលា អគ្គនាយករងនៃអគ្គនាយកដ្ឋានរតនាគារជាតិ។​

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១១​ និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងជួយពង្រឹងការយល់ដឹង​ និងជំរុញអនុលោមភាពក្នុង ការអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ដោយមានការចូលរួមពីតំណាង អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានបច្ចេកវិទ្យា ព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ធនាគារជាតិនៃកម្ពុជា, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, និយ័តករគណនេយ្យនិងសវនកម្ម, អគ្គនាយកដ្ឋានពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានជំនាញពាក់ព័ន្ធនៃ អគ្គនាយកដ្ឋានរតនាគារជាតិ សរុបប្រមាណ ៣០ រូប។