បទបង្ហាញចែករំលែកចំណេះដឹងស្តីពីស្តង់ដាគណនេយ្យនិងសវនកម្ម និងបទពិសោធន៍នៃការធ្វើសវនកម្មពន្ធដារ ដែលរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)

កាលបរិច្ឆេទ៖ 18-11-2026 02:49 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) លោក ហាក់ សីហា ប្រធានការិយាល័យអនុលោមភាពទី១ និងមន្ត្រីជំនាញនៃ ន.គ.ស. បានចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹងស្តីពីស្តង់ដាគណនេយ្យនិងសវនកម្ម និងបទពិសោធន៍នៃការធ្វើសវនកម្មពន្ធដារ ដែលរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គ.ល.ក. នៅអគាររដ្ឋបាល គ.ល.ក. ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពន្ធដារ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ គ.ល.ក. ផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យស្ថាប័នពាក់ព័ន្ធចែករំលែកចំណេះដឹង ស្តីពីមូលដ្ឋានគតិយុត្តពាក់ព័ន្ធនឹងគោលការណ៍គណនេយ្យ និងសវនកម្ម ព្រមទាំងបទពិសោធន៍នៃការធ្វើសវនកម្មកន្លងមក ដើម្បីសិក្សាពីឧត្តមានុវត្តន៍ និងស្វែងយល់អំពីមូលដ្ឋានគតិយុត្តពាក់ព័ន្ធនឹងស្តង់ដាគណនេយ្យ និងសវនកម្មនៅក្នុងប្រទេសកម្ពុជា។